​ស្ថាប័ន​ឯករាជ្យ​មួយ ​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ ​លើ​ករណី​គំរាម​អ្នកសារព័ត៌មាន​​

​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថាCCIM បាន​ដាក់​លិខិត​ចំនួន​ពីរ​ច្បាប់ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាននិង​អភិបាល​រាជធានី​ភ្នំពេញ ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់ ករណី​គំរាមកំហែង​ដោយ​ចេតនា​ពី​សំណាក់​កងសន្តិសុខមកលើ​អ្នកយក​ព័ត៌មាន​វី​អូ​ឌី(VOD) កាលពី​សប្តាហ៍​មុន​។

លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ស្នើ​ឱ្យស្ថាប័ន​ទាំង​ពីរធ្វើ​អន្តរា​គម​តាម​ផ្លូវច្បាប់ ដើម្បី​ស្វែងរក​អ្នក​ដែល​បាន​គំរាមកំហែងដល់​អ្នកកាសែត ​នៅពេល​ដែល​កំពុង​ចុះ​យក​ព័ត៌មាន និង​ស្នើ​ឱ្យមាន​ការធានា​ថា មិន​មាន​ការគំរាមកំហែង​អ្នកកាសែតកើតឡើង​ម្តង​ទៀត​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែសីហា អ្នកយក​ព័ត៌មាន​វី​អូ​ឌី(VOD)​ចំនួន​ពីរ​រូប គឺ​លោក ហេង វិចិត្រ និងលោក ឃុត សុគន្ធ បាន​ទៅយក​ព័ត៌មានការធ្វើ​បាតុកម្ម​របស់​សហគមន៍​បឹងកក់ នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​។ កងសន្តិសុខបាន​ស្រែក​ខ្លាំងៗ​ដាក់​អ្នកកាសែត​ថា “​ពួក​អា​ប្រឆាំង” ក្រោយ​ពី​ដឹង​អ្នកកាសែត​នេះបម្រើការ​នៅ​វី​អូ​ឌី​(VOD)​។​

​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ បាន​ឆក់យក​កាមេរ៉ា​របស់​អ្នកកាសែត ដោយ​គំរាម​បោក​កាមេរ៉ា​ចោល បន្ទាប់ពី​លោក វិចិត្រ បាន​ធ្វើ​បទ​សម្ភាសជាមួយ​សកម្មជន​ដីធ្លី ព្រមទាំង​បាន​ធាក់ លោក សុគន្ធ ដែល​ជា​ជនពិការ​ជើង​ម្ខាង​។

​លោក ប៉ា ងួនទៀង បាន​ហៅ​ទង្វើ​របស់​កង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​នេះ​ថា ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល និង​បំពាន​ដល់​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​។​ លិខិត​នោះ​សរសេរថា​៖ “​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មាន​ការសោកស្តាយ​យ៉ាងខ្លាំង នូវ​ទង្វើ​របស់​ក្រុម​សន្តិសុខ​សាលា​រាជធានី ដែល​បាន​ធ្វើ​ដាក់​អ្នកសារព័ត៌មានវី​អូ​ឌី​(VOD)​ដោយ​ប្រមាថ​គាត់​ថា ជា​អ្នកប្រឆាំង ព្រមទាំង​រារាំង និង​រឹបអូស​សម្ភារ​របស់​អ្នកសារព័ត៌មាន ដោយ​ខុសច្បាប់ និង​គ្មាន​សំអាង​លើ​ច្បាប់​បន្តិច​សោះ”​។​

​យោង​តាម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​កម្ពុជា​ឆ្នាំ​១៩៩៥ នៅ​ត្រង់​មាត្រា​៥បានចែង​ថាអ្នកសារព័ត៌មាន មាន​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​រាជរដ្ឋាភិបាល លើកលែងតែ​ព័ត៌មាន​ណា​ដែល​ធ្វើឱ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ និង​បំពាន​សិទ្ធិ​បុគ្គលជាដើម​។​

​លោក ប៉ា ងួនទៀង ស្នើ​ឱ្យមាន​ជំនួប​ដោយផ្ទាល់ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធនិង​អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ដើម្បី​ពិភាក្សា​ករណី​ការគំរាមកំហែង​អ្នកកាសែត​នេះ​។​

​វី​អូ​ឌីមិនអាច​សុំ​ការឆ្លើយតប​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានទេ ដោយ​ទូរ​ស័ព្ទ​មិន​ចូល ខណៈ​លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រា​ធានី​ភ្នំពេញ បាន​ប្រាប់​លោកកំពុង​ជាប់​ប្រជុំ។​

គួរ​រំ​ឭ​កថា នៅ​ខែ​ឧសភា ឆ្នាំ​២០១៤ សន្តិសុខ​សាលាខណ្ឌ​ដូនពេញ បាន​វាយ​អ្នកយក​ព័ត៌មាន​ម្នាក់​របស់​វី​អូ​ឌី (VOD) គឺ​លោក ឡាយ សា​មាន បណ្តាល​ឲ្យ​បាក់ឆ្អឹង​មុខនិង​សន្លប់ នៅ​ពេល​គាត់​ចុះ​យក​ព័ត៌មាននៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​។

កាលពី​ឆ្នាំ​២០១៤ អង្គការFreedom House បាន​និយាយថារដ្ឋាភិបាល​កម្ពុជាមិនទាន់​បាន​គោរព​ឱ្យបាន​ពេញលេញ នូវ​សេរីភាព​សារព័ត៌មាន​៕


Photo: A police officer hits a man at a rally in Phnom Penh yesterday moments before a local journalist covering the event was attacked. © Heng Vitchet

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s