អាជ្ញាធរ​ឈូស​ដី​ផ្ទះ​ប្រជាជន​នៅ​ខេត្ត​កំពត ដែល​អ្នក​ភូមិ​ថា​មិន​បាន​ផ្តល់​សំណង​​

ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ​ក្នុង​ខេត្ត​កំពត សម្តែង​ការ​ខឹងសម្បារ​នឹង​អាជ្ញាធរ ដែល​មក​ឈូស​ដី​ផ្ទះ​ពួកគាត់ ដោយ​ពួកគេ​ថាមិន​បាន​ផ្តល់​សំណង​សមរម្យ​។

​ពលរដ្ឋ​ម្នាក់​ឈ្មោះ ចាន់ សុធា ដែល​ផ្ទះ​គាត់​ត្រូវបាន​គេ​ឈូស នៅក្នុង​ភូមិ​ទ្វី​ខាងត្បូង ក្រុង​កំពត បាន​អះអាង​ថា នៅ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា​នេះ​មាន​ក្រុមនគរបាល ប៉េអឹម និង​អាជ្ញាធរ​មូលដ្ឋាន​មក​ចុះ​មក​ភូមិ​របស់​គាត់​ដើម្បី​ឈូស​ដី​ធ្វើ​ផ្លូវ​។

លោក​សុធា​ដែល​មាន​របរ​នេសាទ​សមុទ្រ​បានបញ្ជាក់​ថា គ្រួសារ​គាត់​មិន​មាន​លទ្ធភាព​ទៅ​ទិញ​ដី​ផ្ទះ​នៅ​កន្លែង​ថ្មី​នោះទេ​។​

​អ្នកនេសាទ​រូប​នេះ​ប្រាប់​ថា នៅ​ទីនោះ​ជា​តំបន់​មាត់ទឹក ហើយ​មាន​តែ​ផ្លូវលំ​តូច​សម្រាប់​ធ្វើដំណើរ ហើយ​អាជ្ញាធរ​ក៏​មិន​ដែល​ប្រកាស​ពី​គម្រោង​អភិវឌ្ឍ​ផ្លូវ​នោះ​ដែរ​។ តែ​ក្រោយ​ពេល​មាន​ក្រុមហ៊ុន​មួយ ដែល​បាន​ចូល​មក​តំបន់​នេះ ក៏​លេចចេញ​នូវ​ផែនការ​ធ្វើ​ផ្លូវ​នេះ​ឡើង​។

​លោក សុធា អះអាងថា ការធ្វើ​ផ្លូវ​នេះ​មិនមែន​ដើម្បី​ប្រយោជន៍​ប្រជាជន​ក្នុង​ភូមិ​ទេ ផ្ទុយទៅវិញ​អាជ្ញាធរ​សម្រេច​ធ្វើ​ផ្លូវ​នេះ ដើម្បី​សម្រួល​ដល់​ការ​រកស៊ី​របស់​ក្រុមហ៊ុន​តែប៉ុណ្ណោះ​។ លោក​ថា​អាជ្ញាធរ​មិន​បាន​គិតគូរ​ពី​ជីវិត​រស់នៅ​របស់​ប្រជាជន​ក្រីក្រ​នោះទេ ​៖ “​យល់ថា អ្នក​ធ្វើការ​ទាំងអស់​អត់​មាន​គោរព​ច្បាប់​តួនាទី​ទាំង​អស់ ហើយ​អត់​មាន​ដោះស្រាយ​គោលនយោបាយ​ឲ្យ​ប្រជាពលរដ្ឋ​”​។​

មន្ត្រី​សិទ្ធិ​មនុស្ស​មើលឃើញ​ថា ការអនុវត្ត​របស់​អាជ្ញាធរ​នេះ​វា​ផ្ទុយ​ទៅនឹង​ច្បាប់​។ លោក ម៉ម កេសី មន្ត្រី​អង្កេត​របស់​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កំពត បាន​ពន្យល់ថា អាជ្ញាធរ​មិន​បានធើ្វការ​ដោះស្រាយ​ផ្តល់សំណង​ឲ្យ​ប្រជាជន​បាន​សមរម្យ​ដល់​ ប្រជាពលរដ្ឋ​រងគ្រោះ មុន​នឹង​អនុវត្ត​គម្រោង​អភិវឌ្ឍ​។ លោក​ថា​៖ “​ ចំពោះ​ករណី​នេះ រដ្ឋ​មិន​គួរ​អនុវត្ត​គោលនយោបាយ​បែបនេះ​ទេ ព្រោះ​អី​ប្រជាពលរដ្ឋ សុទ្ធសឹង​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ អ៊ីចឹង​ការអភិវឌ្ឍ​ត្រូវតែ​ងាយ​ឲ្យ​ឆ្លើយតប​ទៅ​ហ្នឹង​តម្រូវការ​របស់​ ប្រជាពលរដ្ឋ ហើយ​ឆ្លើយ​តប​ទៅ​នឹង​ការអភិវឌ្ឍ​ប្រទេសជាតិ កាត់បន្ថយ​ភាពក្រីក្រ​។ អ៊ីចឹង​បើ​រដ្ឋ​ធ្វើ​ការអភិវឌ្ឍ​ដោយ​មិន​បាន​គិត​ពី​ផលប្រយោជន៍​ប្រជាពលរដ្ឋ ហើយ​អភិវឌ្ឍ​ទៅលើ​ទឹកភ្នែក​របស់​ប្រជាពលរដ្ឋ គឺ​ការអនុវត្ត​នេះ ហាក់ជា​មិន​ឆ្លើយតប​ទៅនឹង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​រដ្ឋ​ដែល​បាន​ ដាក់ចេញ​នូវ​គោលនយោបាយ​នេះ​ទេ​”​។​

​យ៉ាងណាក៏ដោយ អភិបាលក្រុង​កំពត លោក ណាក់ សុវណ្ណ បានបញ្ជាក់​ថា ប្រជាជន​ទាំងនេះ​រស់នៅ​លើ​ដី​រដ្ឋ ហើយ​អាជ្ញាធរ​មិន​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិឲ្យ​ពួកគាត់​ដែរ​។ លោក​បញ្ជាក់ថា អាជ្ញាធរ​មិន​ចេញ​សំណង​ឲ្យ​ប្រជាជន​ដែល​រស់នៅ​លើ​ដី​រដ្ឋ​នោះទេ​៖ “​ ផ្លូវ​នោះ​ជា​ផ្លូវ​របស់​ខេត្ត​មាន​តាំង​ពី​សង្គម​ចាស់​… មកពី​មាន​អ្នក​ថា​ឲ្យ​ក្រុមហ៊ុន​ទេ ផ្លូវ​នេះ​មិន​ផ្លូវ​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​ទេ គឺ​ផ្លូវ​គម្រោង​របស់​ខេត្ត​។ បងប្អូន​ប្រជាពលរដ្ឋ ជន​ណា​ដែល​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ រស់នៅ​លើ​ដី​ផ្លូវ​គឺ​មិន​អាច​អនុញ្ញាត​រស់នៅ​បាន​ឡើយ ហើយ​ក៏​គ្មាន​សំណង​ដែរ​”​។​

​ប្រជាជន​ដែល​រង​ការ​ឈូស​ដី​ផ្ទះ​នៅ​ភូមិ​ទ្វី​ខាងត្បូង​នេះ ស្នើឲ្យ​អាជ្ញាធរ​ផ្តល់​សំណង​សមរម្យដ​ល់​ពួកគាត់ មុនពេល​ដែល​ធ្វើ​ការអភិវឌ្ឍ​ផ្លូវ​៕


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s