​សង្គម​ស៊ីវិល​៖ ការដែល ឈូក បណ្ឌិត ព្រម​ទទួល​ទោស​អាចជា​បើកផ្លូវ​ឲ្យ​ចាប់​សកម្មជន​បក្សប្រឆាំង​បន្ថែម​​

សង្គម​ស៊ីវិលនិង​អ្នក​ស្រាវជ្រាវ​យល់ថា ការ​ដែល​ទណ្ឌិត ឈូក បណ្ឌិត ដើរ​ចូល​ពន្ធនាគា​រទ​ទួល​ទោស ពេលនេះ​អាច​ជា​ការ​បើកផ្លូវ​ឲ្យ​បក្ស​កាន់​អំណាចមាន​ឱកាស​កាន់តែ​ច្រើន​ប្រើ ​ប្រព័ន្ធយុត្តិធម៌ តាម​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដើម្បី​ទប់ស្កាត់​ស​ការរិះគន់​។​

​ការបង្ហាញ​ខ្លួន​របស់​ខ្មាន់កាំភ្លើង​រូបនេះបាន​ធ្វើឡើង​៥​ថ្ងៃ​ ប៉ុណ្ណោះ ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​លើកឡើង​ពី​វិធានការ​របស់​ក្រសួងមហាផ្ទៃ ដែល​សហការ​ជាមួយ​ប្រទេស​ជាង​១៩០​លើ​ពិភព លោក ក្នុង​ការ​តាម​ចាប់ខ្លួន ឈូក បណ្ឌិត​។​

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​ សហគមន៍ លោក មឿន តុលា លើកឡើងថាការចេញមុខ​ទទួល​ទោស​របស់ឈូក បណ្ឌិត បង្ហាញថា ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ស្ថិតនៅ​លើ​កណ្តាប់ដៃ​នាយករដ្ឋមន្ត្រី​តែ​ ម្នាក់​។ លោក​បន្តថាការជំរុញ​ឲ្យ​ជន​ដៃដល់ ដែល​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​ច្រើន​ឆ្នាំ មក​ទទួល​ទោស​វិញ​នេះ អាច​ជា​ហេតុផល​មួយ ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​លុបលាង​កំហុសពី​អតីកាល ហើយ​បន្ត​ប្រើ​ប្រព័ន្ធ​ច្បាប់គំរាមកំហែង​អ្នកនយោបាយ​ជា​ដៃគូ ជា​ជាង​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​ម្ពុ​ជា​។ លោក​បញ្ជាក់ថា​៖ “​ហេតុអ្វី​បាន​ខ្ញុំ​អះអាង​ថា ការចាប់ ឈូក បណ្ឌិត ហ្នឹង​មិនមែន​ជា​រឿង​ធ្វើ​កំណែទម្រង់ ព្រោះ​នៅ​មាន​រឿង​ច្រើនណាស់ រឿង​ការបាញ់សម្លាប់ ពិសិដ្ឋ ពិ​លីកា ការបាញ់​សម្លាប់​លោក ជា វិជ្ជា ការបាញ់ប្រហា​រលើ​អ្នកនាង ទូច ស្រី​និច មិន​ទាន់​រក​ឃាតកឃើញ​ទេ ហើយ​ការបោកគ្រាប់បែក​នៅមុខ​រដ្ឋសភា ការបាញ់​សម្លាប់​កម្មក​រ​នៅ​ផ្លូវ​វ៉េងស្រេង នៅ​ស្ពាន​ក្បាលថ្នល់ ហើយ​និង​វត្ត​ស្ទឹង​មានជ័យ​ជាដើម​។ អ៊ីចឹង​មិនទាន់​អ្នកណា​មួយ មក​ទទួល​ទោស​នៅឡើយ​ទេ ប្រទេស​យើង​តែ​មួយ​ទេ ប្រព័ន្ធ​ច្បាប់​តែ​មួយ​ទេ គួរតែ​មាន​ការអនុវត្ត​ច្បាប់​ជា​ស្តង់ដា​តែមួយ​បាន​ហើយ កុំឲ្យ​មាន​ស្តង់ដា​រពីរ​អ៊ីចឹង​”​។​

មកដល់ពេលនេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១៤​នាក់​ហើយ ត្រូវ​តុលាការ​ចោទប្រកាន់ និង​បញ្ជា​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការចូលរួម​កុប្បកម្ម ក្នុង​ព្រឹត្តិការណ៍​តវ៉ា​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។​

​អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី លើកឡើង​ដែរ​ថាការដើរ​ចូល​ពន្ធនាគា​រ​របស់ ឈូក បណ្ឌិត អាច​ជា​យុទ្ធសាស្ត្រ​នយោបាយ ដោយ​លោក​អះអាងថា នៅពេល​បង្ហាញខ្លួន​គឺ​មាន​រថយន្ត​ទំនើបៗ​អមដំណើរ ហើយ​អតីត​អភិបាលក្រុង​រូបនេះ មិន​ត្រូវ​សមត្ថកិច្ច​ដាក់​ខ្នោះដៃ​ទេ​។​

​លោក​បណ្ឌិត មាស នី បន្តថា ម្យ៉ាងវិញទៀត​សកម្មភាព​ទណ្ឌិត ឈូក បណ្ឌិត ស្ម័គ្រចិត្ត​ចូលទៅ​ទទួលទោស មិន​ត្រូវបាន​ផ្សព្វផ្សាយ​តាម​កញ្ចាក់​ទូរទស្សន៍​ឲ្យដឹង​មុន ដូច​ករណី​ចាប់​សកម្មជន​ដីធ្លី និង​ជនសង្ស័យ​មួយចំនួនទៀត បើទោះបី​តុលាការ​រក​ឃើញ​ថា ជនដៃដល់​រូប​នោះ​បាន​បាញ់​កម្មករ  ហើយ​បាន​រត់គេច​ពី​សំណាញ់​ច្បាប់​ច្រើន​ឆ្នាំ​ក៏​ដោយ​។ លោក​បន្ថែមថា​៖ “ ​ការចាប់​មនុស្ស​ម្នាក់​នេះ គឺ​ដើម្បី​គ្រាន់​តែ​បំបាត់​ការ​ដៀមដាម​ពី​សាធារណជន ថា​ដើរ​ចាប់​តែ​អ្នកផ្សេង ប៉ុន្តែ​មនុស្ស​ម្នាក់​ហ្នឹង ម៉េច​ក៏​មិនឃើញ​ចាប់​ឬក៏​ម៉េច​ក៏​រក​មិនឃើញ​យូរហើយ អ៊ីចឹង​អាច​យក​ឆ្អឹង​ទទឹង​ក​នេះ​ចេញ ហើយ​គេ​អាច​ធ្វើ់​ស្អីៗ​បាន​”​។​

ប៉ុន្តែ​ការអះអាង​នេះ ត្រូវបាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ច្រាន​ចោល​ដោយ​លោក​អះអាង​ថា ករណី ឈូក  បណ្ឌិត បង្ហាញ​ខ្លួន​ចំពោះ​មុខ​សមត្ថកិច្ចនិង​ការចាប់ខ្លួន​អ្នកចូលរួម​ ធ្វើបាតុកម្ម​នៅ​ជិត​ទីលានគឺ​មិន​ជាប់​ពាក់ព័ន្ធ​គ្នា​ទេ​។ លោក​ថា​៖ “​ វា​មិនមែន​យុទ្ធវិធី ឬ​យុទ្ធសាស្ត្រ ឬ​ជា​ឧបាយកល​របស់​រាជរដ្ឋាភិបាល​ទេ ព្រោះ​ករណី​វា​ដាច់​ពីគ្នា អ៊ីចឹង​វា​ជា​នីតិវិធី​របស់​តុលាការ ដែល​គេ​ធ្វើ​សម្រាប់​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ជា​បាតុភាព ជា​កុបកម្ម​នៅក្នុង​ទីលាន​ប្រជាធិបតេយ្យ អាហ្នឹង​ជា​រឿង​ដោយឡែក​ទេ រឿង ឈូក បណ្ឌិត ជា​រឿង​ដោយឡែក​”​។​

យ៉ាងនេះក្តី​មេធាវី​ការពារ​កម្មករ​រង​របួស លោកស្រី សេរី​បុត្រ ចរិយា យល់​ថា​ការជំរុញ​ឲ្យ​ទណ្ឌិត ឈូក បណ្ឌិត ចូល​ខ្លូន​មក​ទទួល​ទោស ជា​យុត្តិធម៌​មួយ​ផ្នែក​សម្រាប់​កូនក្តី​លោកស្រី បើ​ទោះបី​តុលាការ​ទាំង​៣​ថ្នាក់ មិន​បាន​ចោទប្រកាន់ ឈូក បណ្ឌិត ពី​បទឧក្រិដ្ឋ​ដូច​ការ​រក​ឃើញ​របស់​មេធាវី និង​សាក្សី​ជាច្រើន របស់​មន្ត្រី​រដ្ឋាភិបាល​ក៏ដោយ​។​មេធាវី​រូប​​នោះ​អះអាងថា នៅ​សប្តាហ៍​នេះ​ក្រុមការងារ​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ ខេត្តស្វាយរៀង ដើម្បី​ជំរុញ​ឲ្យ​ទណ្ឌិត​រូបនោះ ផ្តល់ប្រាក់​សំណង​៣៨​លាន​រៀល ឲ្យ​ជនរងគ្រោះ​ទាំង​៣​នាក់ មាន កែវ នា ប៊ុន ចិន្តា និង​នុត សុខន តាម​សាលដីការ​ស្ថាព​របស់​តុលាការ​កំពូល​។​

សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ឆ្នាំ​២០១៣ បាន​កាត់ទោស​អតីត​អភិបាលក្រុង​បាវិត​ជាប់​ពន្ធនាគារ​ត្រឹម​១៨​ខែ ពី​បទ​បង្ក​របួសស្នាម​ដោយ​អ​ចេតនា បើ​ទោះ​ជា​សាក្សី​ជា​មន្ត្រី​នគរបាល មន្ត្រី​កងរាជអាវុធហត្ថប្រមាណ​ជាង​៣០​នាក់​អះអាងថា ពួកគេ​បាន​ឃើញ ឈូក បណ្ឌិត ប្រើ​អាវុធ​ខ្លី​បាញ់រះ លើ​ក្រុម​កម្មករ ដែល​កំពុង​តវ៉ា​នៅ​រោងចក្រ​កៅ​វ៉េ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ ក៏ដោយ​៕


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s