Crossroads: សៀវភៅ​ល្អ

ម៉ាឡេស៊ី ជា​ប្រទេស​ទីមួយ​សម្រាប់​បទពិសោធ ​នៅ​បរទេស​របស់​ខ្ញុំ។ វា​ជា​កន្លែង​ដែល​ជួយ​ផ្លាស់ប្តូរ​រូប​ខ្ញុំ​ (គួរ​និយាយថា​ ជួយ​កែលំអ​​វិញ ទើបវា​សម​ជាង) ទាំង​ផ្នែក​ចំណេះដឹង​ និង​បុគ្គលិកលក្ខណៈ។ វា​គឺ​ដូចជា​វេទមន្ត​ម្យ៉ាង ដែល​ខ្ញុំ​បាន​ទទួល ក្នុង​ឆាកជីវិតភាព​ជា​និស្សិត​។

ក្រោយ​ពី​ការ​ធ្វើ​ដំណើរ​នៅនោះមក ខ្ញុំ​បាន​ចាប់ផ្តើម ចង់ដឹង ចង់យល់ ពី​ឧបទ្វីប​​នេះ ពី​រឿងរ៉ាវ ពី​ប្រជាជន នៅកប់​លាយឡំ​​ក្នុង​សង្គម​ប្រកប​ដោយ​ចម្រុះ​ជាតិសាសន៍ (truly Asia!)។

ឥឡូវ​នេះ ខ្ញុំ​សូម​ណែនាំ​សៀវភៅ​មួយ​ក្បាល ដែល​បរិយាយ​យ៉ាងពិស្តារ ស្តីពី​ប្រវត្តិ​ដំណើរ​ដើ​ម​ទង​របស់​ម​នុស្សនៅលើ​ទឹកដី​នេះ។

សៀវភៅ​«Crossroads: A popular history of Malaysia and Singapore» ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​លោក Jim Baker។ វា​​បាន​បោះពុម្ព​លើក​ដំបូ​ង​ នៅ​ឆ្នាំ​១៩៩៩ ហើយ​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​លើក​ទី​បី (latest updated) នៅ​ឆ្នាំ​២០១៤។

អ្នកនិពន្ធ​ Jim Baker បា​ន​សរសេរ​សៀវភៅ​នេះ ដោយ​រៀបរាប់ និង​វិភាគ​ពី​​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​សំខាន់ៗ ពិសេស​រឿង​គោលនយោបាយ​ និង​អ្នកដឹកនាំ នៃ​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី ប្រកប​ដោយ​ទេពកោសល្យ ទាក់ទាញ​ខ្ញុំ​​ឲ្យ​ចង់អាន ចង់​ដឹង​កាន់​តែ​ខ្លាំង​។ អាន​ប្រវត្តិសាស្ត្រ មិន​សប្បាយ​លេង​ប៉ុន្មាន​ទេ ក៏ប៉ុន្តែ លោក Jim Baker អន្ទង់​ឲ្យ​ខ្ញុំ​ឈ្ងោក​មុខ​ចុះ​ និង​បង្ខំ​ឲ្យ​ខ្ញុំ​លៃលក​ពេលវេលា​សម្រាប់​វា។

រាល់​ពេលបានបញ្ចប់​ការ​​អាន​មួយ​ជំពូកៗ ខ្ញុំ​បាន​យល់​ពី​ហេតុការណ៍ និង​ហេតុផល​ដែល​នៅ​ពីក្រោយ​ហេតុការណ៍។ ពេល​ចូលដល់​នយោបាយ គ្មាន​អ្វី​ដែល​អ្នកនយោបាយ មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​មុន​ទេ។ តែ​ពួក​គេ បានយក​​វាទៅ​លាក់​ក្រោយ​ខ្នង​ក្រោមលេស​«ដើម្បី​ប្រយោជន៍​ជាតិ/រួម»។

ម៉ាឡេស៊ី និង​សិង្ហបុរី មាន​មេរៀន​ជាច្រើន​ណាស់ ដែល​កម្ពុជា អាច​យក​រៀនសូត្រ​បាន មិន​ថា​អ្នក​ជា​អ្នកដឹកនាំ ឬ​ពលរដ្ឋសាមញ្ញ។ ការ​រៀបចំ​គោលនយោបាយ (តែ​ខ្ញុំ​សូម​ហៅ​វា​ថា ការ​ព្រាង​អនាគត​) របស់​អ្នកនយោបាយ​ប្រទេស​ទាំង​ពី​រនេះ មាន​ភាព​ល្អិតល្អន់។

សម្រាប់ខ្ញុំ បទពិសោធ​ការរៀបចំ​ផែនការ​ សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ របស់​ជាតិ​ទាំងទ្វេ​នេះ គឺ​ម៉ត់ចត់ (មិនមែន​លំៗ​ទេ)។

អ្នក​ខ្លះ​ដែល​កំពុង​អាន​អត្ថបទ​នេះ អាច​បានទៅ​ដល់​ប្រទេស​ទាំងពីរ ឬ​មួយ​ក្នុង​ចំណោម​នេះរួចហើយ​អ្នកខ្លះទៀត គ្រោងនឹ​ង​ទៅ​។

ប្រទេស​ទាំង​ពីរ មាន​របាយប្រជាជន​ ចម្រុះ​ជាតិ​សាសន៍​មែនទែន។

អ្នកខ្លះ​ អាច​គិត​ថា ម៉ាឡេស៊ី ជា​ប្រទេសរបស់​ប្រជាជន​ម៉ាឡេ​ កាន់សាសនា​ឥស្លាម​។

នៅ​ក្នុង​សៀវភៅ​នេះ នឹង​ពន្យល់​យ៉ាងលម្អិតពី​ចរន្ត​លំហូរ​មនុស្ស​ ពិសេស​ពី​ប្រទេស​ចិន និង​ឥណ្ឌា ចូល​ទៅ​ក្នុង​ទឹកដី​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ប្រទេស​មហិមា​ទាំង​ពីរ ដែល​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​ម​នុស្ស គួរ​ឲ្យ​ទាក់ទាញ។ វត្តមានរបស់​​ពួក​បច្ចឹមប្រទេស ក៏​កំណត់​បាន​ជោគ​វាសនាប្រទេសម៉ាឡេស៊ី និង​សិង្ហបុរី យ៉ាង​ជ្រាលជ្រៅ ហើយ​អ្នកដឹកនាំ​សម័យ​ក្រោយ​ឯករាជ្យ ក៏​ប៉ិន​ប្រសប់​ឆ្នៃ​កំអែល​​អាណានិគម មក​ប្រើប្រាស់​ជាប្រយោជន៍ បាន​យ៉ាង​រំភើយ។

សុំ​មួយ​ម៉ាត់​ចុងក្រោយ។ សៀវភៅ​ Crossroads ហ្នឹង គឺ​ល្អ​ខ្លាំង​សម្រាប់​អ្នក​ចង់​ស្វែង​យល់​ពី​អាស៊ីអគ្នេយ៍ ពី​ការ​លេង​ល្បែង​នយោបាយ និង​ពី​ការរចនា​សង្គម និង​សេដ្ឋកិច្ច។​

បើ​អ្នកនៅទី​នេះ ធ្លាប់​អានហើយ​ ឬ​កំពុ​ង​អាន​សៀវភៅ​នេះ តើ​យល់​យ៉ាងណា​ដែរ​ ចំពោះ​ Crossroads? សូម​ចែករំលែក​ឲ្យ​ខ្ញុំ​ដឹង​ផង៕

​ ​

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s